Ticker

6/ព័ត៌មានជាតិ/ticker-posts

រាជរដ្ឋាភិបាល​កម្ពុជា​​យល់​​ព្រម​​ទទួល​​យក​​ជន​​ភៀស​​ខ្លួន​​អាហ្វហ្កានីស្ថាន​​ចំនួន​​៣០០​នាក់ ​​ជា​បណ្តោះ​​អាសន្ន​​មុន​​នឹង​​ទៅ​​កាន់​​ប្រទេស​​ទី៣!​!!

 

រាជធានីភ្នំពេញ ៖  នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បាន យល់ព្រម ទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ ដើម្បីស្នាក់នៅជា បណ្តោះអាសន្ន មុននឹងឆ្ពោះទៅកាន់​ប្រទេសទី៣។

ការយល់ព្រមទទួលយកជនភៀសខ្លួនក្នុងគោលការណ៍មនុស្សធម៌ ដើម្បីស្នាក់នៅកម្ពុជាបណ្តោះ អាសន្ននេះ ធ្វើឡើង​តាមការស្នើសុំរបស់អង្គការ The Asia Foundation ប្រចាំកម្ពុជាមកកាន់ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ។

អង្គការ The Asia Foundation បានស្នើសុំមករាជរដ្ឋាភិបាលកម្ពុជា ដោយបញ្ជាក់ថា«ដោយផ្អែកលើ គោលការណ៍មនុស្ស​ធម៌​មេត្តា ពិនិត្យនូវលទ្ធភាពផ្តល់ទិដ្ឋាការចូលព្រះរាជាណាចក្រ កម្ពុជា ដល់ បុគ្គលិកអង្គការ The Asia Foundation ប្រចាំប្រទេសអាហ្វហ្កានីស្ថាន ដែលជាពលរដ្ឋអាហ្វហ្កានីស្ថាន និងក្រុមគ្រួសារ សម្រាប់រយៈពេលជាបណ្តោះ​អាសន្នក្នុង​អំឡុងពេលដែលពាក្យស្នើសុំជា ជនភៀសខ្លួនកំពុងតែដំណើរការ»។ ពាក់ព័ន្ធនឹងសំណើខាង លើនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេច៖
១. ឯកភាពទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានក្នុងចំនួនមិនលើសពី៣០០នាក់
២. ផ្តល់ទិដ្ឋាការ នៅពេលមកដល់ (Visa on arrival) ដល់ជនភៀសខ្លួនខាង លើនិងអនុញ្ញាតឱ្យជន ភៀសខ្លួនទាំងនោះ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន សម្រាប់ធ្វើជាឯកសារធ្វើដំណើរ និង
៣. លើកលែងវិធានសុខាភិបាលសម្រាប់ការធ្វើដំណើរចូលមកកម្ពុជាដល់ជនភៀសខ្លួនទាំងនោះ ដើម្បីពួកគេ អាចធ្វើដំណើរមកកម្ពុជាបាន តែត្រូវអនុវត្តទៅតាមវិធានសុខាភិបាលនានា (ធ្វើតេស្ត និងធ្វើចត្តាឡីស័ក ជាដើម) ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅពេលពួកគេចូលមកក្នុង ព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកពាក់ព័ន្ធនឹងការស្នាក់នៅរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានខែ ក្រសួងការបរទសកម្ពុជា បាននឹងកំពុង ពិភាក្សាបន្ថែមជាមួយការអង្គការ The Asia Foundation ជាបន្តទៀត៕


 

Post a Comment

0 Comments