Ticker

6/ព័ត៌មានជាតិ/ticker-posts

មហា​ជនរង់​ចាំ​​មើលលទ្ធផល​​ស្រាវ​​ជ្រាវ​​របស់​​រដ្ឋមន្រ្តី​​ក្មេង​ជាង​គេ ​លើ​​ក្នុង​​សំណុំ​​​រឿង​​ដ៏​​អយុត្តិ​ធម៌​​លើ​​ដី​​ជាង​​២​ហិកតា​​របស់​​លោក​​ស្រី ​​បែន ​​សុធារី?

 រាជធានីភ្នំពេញ ៖ លោកស្រី បែន សុធារី ម្ចាស់សប្បកម្មផលិតនំបញ្ចុក នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយបានរង​គ្រោះ ដល់ទាំងកម្មករប្រមាណជាង៥០គ្រួសារ ហើយមានរឿងរ៉ាវ​អយុត្តិធម៌មួយ ដែលធ្លាក់មកលើ ត្រូវបានមហាជន​ដែលកំពុ​ងតាមដាន និងចាប់អារម្មណ៍ករណីនេះ ដោយបានទន្ទឹងរង់ចាំលទ្ធផលសម្រេច នៃការស្រាវជ្រាវ របស់ឯកឧត្ដម​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែល​លោកជារដ្ឋមន្រ្តីវ័យក្មេង ម៉ឺងម៉ាត់បំផុតក្នុងការងារ ជួយរកយុត្តិធម៌ដល់មនុស្សគ្រប់រូប ក៏ដូចជាលទ្ធ​ផលអង្កេតឡើងវិញ របស់ឯកឧត្ដមប្រធានតុលាការកំពូល ចំពោះសំណុំរឿងក្ដីមិនប្រក្រតី​ខាងលើ​នេះ។

 អត់ទ្រាំនូវការឈឺចាប់ និងហួសចិត្តបំផុត ចំពោះការសម្រេចរបស់តុលាការ ក្នុងសំណុំរឿងយកដីអ្នក​ស្រី បែន សុធារី ទៅឱ្យ​បុគ្គលផ្សេង ទើបកន្លងមក អ្នកស្រីនិងភាគីពាក់ព័ន្ធដែលជាសាក្សី ព្រមទាំង​កម្មករជាង៥០ គ្រួសារ បានចេញមុខបង្ហាញការ​ឈឺចាប់ និងបង្ហាញភស្តុងតាងជាច្រើន ចំពោះមុខ​មហាជនឱ្យបានដឹងឮ តាមប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ជាពិសេសដើម្បី​គោរព​ជម្រាបជូន ដល់​សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតបានជ្រាប និងជួយរកយុត្តិធម៌ដល់រូប​ពួកគាត់ដែលជា​ប្រជានុរាស្រ្ត ជាកូនជាចៅ របស់សម្ដេចទាំងទ្វេ។

ជាបន្តបន្ទាប់រឿងរ៉ាវមួយនេះ ក៏បានជ្រាបទៅដល់សម្ដេចទាំងទ្វេរ និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តាមរយៈពាក្យបណ្ដឹងសារទុក្ខ របស់លោកស្រី លាង ញឹបជាភរិយាលោកវេជ្ជបណ្ឌិតគី ប៊ូសួ និងបណ្តឹងសារទុក្ខ របស់លោកស្រី បែន សុធារី ជាភរិយា​លោក ហួន ណារិន ដែលឯកសារ​បានធ្វើដោយឡែកពីគ្នា គោរពជូនដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត មេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ ហើយ​បណ្ដឹង​នោះ​ត្រូវបានខុទ្ទកាល័យសម្ដេចទទួលយក រួចចំណារចាត់បញ្ជូនមកក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៩ សីហាឆ្នាំ២០២១ សូមឱ្យមានសមត្ថកិច្ចត្រួតពិនិត្យសំណុំរឿងនេះ ។


ទោះជាមិនទាន់ មានការសម្រេចចេញ ជាលទ្ធផលណាមួយក៏ដោយ លោកស្រី បែន សុធារី នាល្ងាចថ្ងៃទី២៨សីហាឆ្នាំ​២០២១ បានសម្ដែងនូវក្ដីរំភើបរីករាយ នៅពេលសម្ដេចលោកបានជ្រាប និងផ្ដោតក្ដីសង្ឃឹមទៅលើកិច្ចការស្រា​វ​ជ្រាវ របស់ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏ដូចឯកឧត្ដមប្រធានតុលាការកំពូលថា «ពិតជាអាចផ្ដល់នូវភាព​យុត្តិធម៌មកកាន់លោក​ស្រីនិងអ្នករងគ្រោះផ្សេងៗទៀតក្នុងសំណុំរឿងនេះ»។

ទោះបីកំពុងរស់នៅ ដោយការភិតភ័យនិងទឹកភ្នែករាល់ថ្ងៃ លោកស្រីបែន សុធារីនិង​កម្មករជាង​៥០គ្រួសារ ក៏រីករាយធូរ​ស្រាល​ពីការពិបាកចិត្តបន្តិចដែរ ដោយសារមានការគិតគូរ យកចិត្តទុកដាក់​ពីសំណាក់ថ្នាក់ដឹកនាំកំពូល ដែលកំពុង​ស្រាវ​ជ្រាវសំណុំរឿងនេះ និងមហាជនទូទៅជួយ​លើកទឹក​ចិត្ត បញ្ចេញមតិ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាតាម​រយៈ​ចាស់ទុំមួយចំនួន ដែលធ្លាប់​ស្គាល់​ប្រវត្តិដីរបស់លោកស្រី និងគ្រួសាររបស់លោកស្រី បានជួយរំលែកការឈឺចាប់ និងជួយជា​សាក្សី ក្នុងការទាមទាររកយុត្តិធម៌ ។

ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតបុរសខ្លាំង ដែលតែងតែឈឺឆ្អាលបញ្ហាសង្គម អាណិតអាសូរនិង​ស្រឡាញ់​យុត្តិធម៌ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ក៏បានបន្ត​បញ្ចេញ​សារតាមខំមិន ក្នុងផេកព័ត៌មានមួយថា «រឿងមួយនេះ រាស្ត្រ ចាំមើលថា តើមានយុត្តិធម៌​មកដល់​ក្មួយស្រីបែន សុធារីដែរទេ? ពីព្រោះបែន សុធារីក្មួយស្រី មិនមែន​គូរជម្លោះទេ ហេតុអីបាន​ជាតុលា​ការ​កាត់សេចក្ដីយកដីក្មួយស្រី ទៅឱ្យទៅភាគីនៃគូជម្លោះទៅវិញ»។ កន្លងមក​លោកជំទាវ ក៏ធ្លាប់​មានប្រសាសន៍ថា «ក្មួយស្រីស្នើសុំឯកឧត្តរដ្ឋមន្ត្រីពិតជាល្អ ពីព្រោះរដ្ឋមន្ត្រីវ័យក្មេង ដែលរាស្ត្រ​ផ្ញើវាសនា រឿងយុតិ្តធម៌​និងអយុត្តិធម៌ លើរូបគាត់»។

ចំណែកឯកឧត្តម គី តិច មេធាវីសម្តេចតេជោហ៊ុន សែន បានបញ្ចេញមតិលើបណ្តាញ​សង្គមហ្វេស​ប៊ុកថា «ខ្ញុំបានតាមដានរឿងរ៉ាវនេះ ជាបន្តបន្ទាប់,ឥឡូវនេះខ្ញុំឃើញ​អ្នកសារព័ត៌​មានជាច្រើនកំពុង​ជួយស្រែករកយុត្តិធម៌ជូន»។ ឯកឧត្តមបន្តថា «ឱ្យផ្អើលបន្តិច ខ្ញុំនឹងយករឿងនេះរាយការណ៍ ជូនសម្តេចតេជោ»។

សូមរំលឹកថា ម្ចាស់សិប្បកម្មនំបញ្ចុក លោកស្រី បែន សុធារី ដែលជាម្ចាស់ដីស្របច្បាប់ ស្ថិតនៅភូមិ​អូរណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កំពុងរងនូវភាពអយុត្តិធម៌បំផុតមិនដែលធ្លាប់មាន បាន​លើក​​ដៃ​​សំពះអង្វរករ ដល់ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ឯកឧត្ដមប្រធាន​តុលាការ​កំពូល ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន មេត្តាជួយរកយុត្តិធម៌ និងជួយសើរើសំណុំរឿងក្ដី ការសម្រេចរបស់តុលាការ​កំពូល ដែលបង្កប់ដោយភាពមិនប្រក្រតីនោះឡើងវិញផង។

លោកស្រី បែន សុធារីនិងអ្នកស្រី លាង ញឹប ក៏សុំឱ្យភាគីឈ្មោះ សាយ សារិន ហៅតុង និងប្រពន្ធ​ឈ្មោះ វូ សេងគ្រី ហៅស្រី ចេញមុខមកតតាំងបង្ហាញឯកសារគតិយុត្តិនិងភស្តុតាងចំពោះមុខច្បាប់ ជាសាធារណៈដោយឆ្លងកាត់នីតិវិធី ធ្វើកោសល្យពិច័យលើឯកសារពីស្ថាប័ន​ជំនាញថ្នាក់ជាតិរួម​ជាមួយសាក្សីរស់ជាក់ស្ដែង ដើម្បីឱ្យមានភាពយុត្តិធម៌ និងត្រឹមត្រូវចំពោះ​មុខ​ច្បាប់ទាំងអស់គ្នា៕

អត្ថបទ៖ នរា



 

 

 

 

 

Post a Comment

0 Comments