Ticker

6/ព័ត៌មានជាតិ/ticker-posts

ទើប​រកឃើញថ្មី ស្ថានីយ​បុរាណ​ជាង​ ២០០ កន្លែង នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ!!!

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​រកឃើញ​ស្ថានីយ​បុរាណ​ជាង ២០០ កន្លែង​ទៀត​ដែល​បន្សល់ទុក​ពី​ដូនតាខ្មែរ​ជំនាន់​មុន​​។ លោក​ យង់ តាំងកូយ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ស្ថានីយ​បុរាណ​ទើប​រក​ឃើញ​ថ្មី​មាន​ដូចជា ទួល​ប្រាសាទ ទួល​បុរាណ ទួល​កប់សព ស្រះ​បុរាណ ផ្លូវ​បុរាណ​ជា​ដើម។

ការ​រកឃើញ​ស្ថានីយ​បុរាណ​ថ្មីបន្ថែមទៀត​នេះ ខណៈ​កន្លងទៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​នាំគ្នា​ជីកគាស់ កកាយទីទួល ឬផ្នូរបុរាណ ដេីម្បីយកដីអាស្រ័យ​ផល និង​ជាប្រយោជន៍ផ្ទាល់ខ្លួន។


 

បើតាមលោក យង់ តាំងកូយ ក្នុង​ខេត្តបន្ទាយមានជ័យមាន​កេរតំណែលបុព្វបុរសខ្មែរជំនាន់មុន​បន្សល់ទុក​យ៉ាង​ច្រើន។ យ៉ាងណាកន្លងទៅ​ ក៏​មា​នការ​ជី​កគាស់កកាយ​​ផ្នូរនិង​ទួល​បុរាណ​ពី​ពលរដ្ឋ​តាម​មូលដ្ឋានមួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ខូចខាត​ប៉ះពាល់​ដល់​សម្បត្តិ​វប្បធម៌​របស់​ជាតិ។

​លោក​បន្ត​ថា អាជ្ញាធរ​និងមន្ទីរពាក់ព័ន្ធ ​ចុះទៅ​បង្រ្កាប​បាន​ជា​បន្តបន្ទាប់ និង​បាន​ខិតខំ​​ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាម​មូលដ្ឋានចូលរួមការពារ​និង​ថែរក្សាកេរ្តិ៍តំណែល​វប្បធម៌ជាតិ​កុំ​ឲ្យ​បាត់បង់។

គិត​មក​ដល់​ពេលនេះ មន្ទីរវប្បធម៌​ខេត្ត​បន្ទាយមានជ័យបាន​ស្រាវជ្រាវ​រកឃើញ​​ ស្ថានីយ​បុរាណ​ចំនួន ៩១១ កន្លែង​នៅទូទាំង​ខេត្ត។ ក្រៅ​ពី​ស្ថានីយ​បុរាណ ខេត្ត​បន្ទាយមានជ័យ​នៅ​សេសសល់​សំណង់​បុរាណ​ជា​​ប្រាសាទ​ដែល​នៅ​មាន​រូបរាង​ចំនួន ៣២ កន្លែង។ ប្រាសាទ​ដែលនៅ​សេសសល់​ទាំង ៣២ កន្លែង​មាន​នៅ​តាម​បណ្តាញ​ស្រុក​មួយ​ចំនួន​ដូចជា៖

១/ ក្រុង​សិរីសោភ័ណ្ឌមាន ០១ កន្លែង

-ប្រាសាទ​ភ្នំ​កងវ៉ា

២/ ​ស្រុក​ថ្ម​ពួកមាន ២០ កន្លែង៖

-ប្រាសាទ​បន្ទាយ​ឆ្មារ

-ប្រាសាទ​តាស៊ឹម

-ប្រាសាទ​យាជូន

-ប្រាសាទ​យាយតុំ

-ប្រាសាទ​ចិញ្ចឹម​ត្រី

-ប្រាសាទ​តាណែម

-ប្រាសាទ​សំណាង​តាសុខ

-ប្រាសាទ​តាប្លាំង

-ប្រាសាទ​តាព្រហ្ម

-ប្រាសាទ​មេបុណ្យ (កើត)

-ប្រាសាទ​បន្ទាយទ័ព

-ប្រាសាទ​តុប

-ប្រាសាទ​ប្រុស

-ប្រាសាទ​ត្រពាំង​មម៉ាំង

-ប្រាសាទ​ល្បើក​ល្វា

-ប្រាសាទ​ក្រហម

-ប្រាសាទ​ពន្លាក់

-ប្រាសាទ​កូន​ដំរី

-ប្រាសាទ​ដំបូក

-ប្រាសាទមេបុណ្យ​ (ជើង)

៣/ ស្រុក​ស្វាយចេក មាន ០៦ កន្លែង

-ប្រាសាទ​ភាស

-ប្រាសាទ​បន្ទាយព្រាវ

-ប្រាសាទ​គុក

-ប្រាសាទ​ល្បើក​ស្វាយ

-ប្រាសាទ​ល្បើក​អំពិល

-ប្រាសាទ​សំរោង

៤/ ស្រុក​ព្រះនេត្រព្រះ មាន ០៣ កន្លែង៖

-ប្រាសាទ​ប្រាំ

-ប្រាសាទ​ចាអើ

-ប្រាសាទ​ចេតិយ៍

៥/ ស្រុក​ភ្នំស្រុក មាន ០២ កន្លែង

-ប្រាសាទ​ភ្នំកូនខ្លែង

-ប្រាសាទ​សំរោង​

អត្ថបទ៖ ប៊ុណ្ណារ៉ា




 

 

Post a Comment

0 Comments